ពោធិបក្ខិយធម៌៣៧



ពោធិបក្ខិយធម៌៣៧
Pali:Bodhipakkhiyā dhammā EN:Bodhipakkhiyadhammā Skt. bodhipakṣa dharma

ក្នុង​ព្រះ​ពុទ្ធសាសនា ពោធិបក្ខិយ​ធម៌ Bodhipakkhiyā dhammā គឺ​ជា​គុណ​ធម៌​ដែល​ជា​ហេតុ​ឬ​ទាក់​ទង​(បក្ខិយ)​ទៅ​នឹង​ការ​ត្រាស់​ដឹង​ (ពោធិ) ។ ក្នុង​អដ្ឋកថា​បាលី ពាក្យ​ពោធិ​បក្ខិយ​ធម៌ ត្រូវ​គេ​យក​មក​ប្រើ ដើម្បី​បង្ហាញ​ធម៌​៧​យ៉ាង ដែល​តែង​លើក​យក​មក​រាប់​រៀប​ដោយ​ព្រះពុទ្ធ​ក្នុង​គម្ពីរ​បាលី ។ នៅ​ក្នុង​គុណ​ធម៌​៧ នៃ​ការ​ត្រាស់​ដឹង​នេះ មាន​អង្គ​ធម៌​និមួយៗ​ទាំង​អស់​៣៧​ប្រការ (សត្តតឹ​ស​ពោធិប​ក្ខិយ​ធម្មា) ។ ពោធិ​បក្ខិយ​ធម៌​នេះ ត្រូវ​បាន​ពុទ្ធសាសនិក​ជន ទាំង​ថេរវាទ​និង​មហា​យាន​ទទួល​ស្គាល់​ថា​ជា​ធម៌​បំពេញ​ដល់​ផ្លូវ​ទៅ​កាន់​ ការ​ត្រាស់​ដឹង​ក្នុង​ព្រះ​ពុទ្ធសា​សនា ។ តាម​កំណត់​ក្នុង​គម្ពីរ​បាលី ភាវនានុ​យុត្ត​សូត្រ (អង្គុត្តរ​និកាយ​៧.៦៧)​ព្រះ​​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា៖ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ទោះ​បី​ភិក្ខុ​ណា​មួយ​ដែល​មិន​ដាក់​ខ្លួន​ក្នុង​ការ​ចំរើន​សមាធិ​ចិត្ត អាច​មាន​បំណង​យ៉ាង​នេះ​ថា ​ឱ! សូម​ឲ្យ​ចិត្ត​របស់​អាត្មា​អញ​រួច​រំដោះ​ពី​​ឧ​បា​ទាន, ចិត្ត​របស់​ភិក្ខុ​នោះ នៅ​តែ​មិន​រួច​រំដោះ​ដដែល ។ តើ​មក​ពី​ហេតុ​អ្វី? គេ​អាច​និយាយ​ថា មក​ពី ភិក្ខុ​នោះ មិន​ធ្វើ​ឲ្យ​ចិត្ត​ចម្រើន​ឡើង ។ តើ​មិន​ចម្រើន​ឡើង​ក្នុង​អ្វី? ក្នុ​ង​សតិបដ្ឋាន​៤ សម្មប្បធាន​៤ ឥទ្ធិបាទធម៌៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និង​អរិយ​អដ្ឋង្គិក​មគ្គ​៨ ។ នៅ​កន្លែង​ដទៃ​ទៀត​ក្នុង​គម្ពីរ​បាលី និង​គម្ពីរ​ផ្សេង​ៗ​ពីជំនាន់​ដើម ធម៌ ៧កង ដែល​មាន ៣៧​ប្រការ​នេះ ដែល​នាំ​មក​នូវ​ការ​ត្រាស់​ដឹង មាន​ការ​រៀប​រាប់​ដូច​ត​ទៅ​នេះ៖​
សតិបដ្ឋាន៤សតិបដ្ឋានមាន៤គឺៈ
១- កាយា​នុបស្សនា សតិ​រឭក​ពិចារ​ណា កាយ ជា​អារម្មណ៍
២- វេទនា​នុបស្សនា សតិ​រឭក​ពិចារ​ណា វេទនា ជា​អារម្មណ៍
៣- ចិត្តា​នុបស្សនា សតិ​រឭក​ពិចា​រណា ចិត្ត ជា​អារម្មណ៍
៤- ធម្មា​នុបស្សនា សតិ​រឭក​ពិចារណា ធម៌ ជា​អារ​ម្មណ៍

​សតិបដ្ឋាន មក​ពី​ពាក្យ សតិ=ការរឭក ការ​ប្រុង​ស្មារតី និង​ពាក្យ បដ្ឋាន​=​គ្រឹះ មូល​ដ្ឋាន។ ព្រះ​ពុទ្ធ​បង្រៀន​ថា សតិ​បដ្ឋាន​ជា​ផ្លូវ​មូល​តែ​មួយ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​បរិសុទ្ធ​​នៃ​សត្វ​ទាំង​ឡាយ ដើម្បី​លះ​បង់​សេចក្តី​សោក និង​សេចក្តី​ខ្សឹក​ខ្សួល ដើម្បី​រំលត់​បង់​នូវ​ទុក្ខ​និង​ទោម​នស្ស ដើម្បី​បាន​នូវ​អរិយមគ្គ ប្រកប​ដោយ​អង្គ​៨​ប្រការ ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវ​ព្រះ​និព្វាន (សុត្តន្ត​បិដក មហាវគ្គ​១៧ ទំព័រ​២៤៤) ។ សតិបដ្ឋាន​គឺ​ជា​ការ​បដិបត្តិ ដើម្បី​ចម្រើន​កម្មដ្ឋាន​ទាំង​ ២យ៉ាង គឺ​ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​ល្អ​ផង​(សមថ​កម្មដ្ឋាន) និង​ចម្រើន​បញ្ញា​ផង(វិបស្សនា​កម្មដ្ឋាន) ។ សតិ​បដ្ឋាន​ជា​កិច្ច​ប្រតិបត្តិ នៃ​សម្មាសតិ និង​សម្មា​សមាធិ ក្នុង​អរិយ​អដ្ឋង្គិក​មគ្គ​៨ ដែល​ដឹក​នាំ​យោគី ទៅ​កាន់ ព្រះ​និព្វាន ជា​ទីប​រមសុខ ។
សម្មប្បធាន៤សម្មប្បធានមាន៤គឺៈ
១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។

សម្មប្ប​ធាន បាន​ដល់​សេចក្តី​ព្យាយាម​ដ៏​ឧត្តម​៤​យ៉ាង ដែល​ជា​ចំណែក​នៃ​ផ្លូវ​ទៅ​កាន់​ការ​ត្រាស់​ដឹង ។ សម្មប្ប​ធាន​អាស្រ័យ​លើ​ការ​យល់​ដឹង នូវ​ការ​កើត​និង​ការ​មិន​កើត នៃ​នាម​ធម៌​ផ្សេង​ៗ ក្នុង​កាល​វេលា​ដែល​កន្ល​ង​ទៅ​ហើយ​​ និង​សតិ​រឭក​របស់​យើង ក្នុង​ការ​វៀង​វៃ​ដើម្បី​ធ្វើ​សកម្មភាព​ទប់​ទល់ ​។ សម្មប្បធាន​ជំរុញ​យើង​ឲ្យ​លះ​បង់​ធម៌​ដែល​ជា​អកុសល ហើយ​ធ្វើ​ឲ្យ​កុសល​ធម៌​រីក​ចម្រើន​ឡើង ។ សម្មប្បធាន​គឺ​ជា សម្មា​វា​យា​មោ ក្នុង​អរិយ​អដ្ឋង្គិ​កមគ្គ​៨ ហើយ​និង​វិរិយិ​ន្រ្ទិយ ក្នុង​ឥន្រ្ទិយ​៥ ។​
ឥទ្ធិបាទ​ធម៌​៤ ឥទ្ធិបាទ​ធម៌​ជា​​គ្រឿង​ឲ្យ​សម្រេច​ផល​មាន ៤គឺៈ​
១- ឆន្ទៈ សេចក្តី​ចូល​ចិត្ត​ស្រឡាញ់ ​ក្នុង​កិច្ច​ការ
២- វិរិយៈ សេចក្តី​ព្យាយាម​ប្រកប​កិច្ច​ការ
៣- ចិត្តៈ សេចក្តី​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការ
៤- វីមំសា សេចក្តី​ឧស្សាហ៍​ត្រិះ​រិះ​ពិចា​រ​ណា​រក​ហេតុ​ផល​ក្នុងកិច្ចការ ។

ឥទ្ធិបាទ​ធម៌ គឺ​គុណ​ធម៌​ជា​គ្រឿង​ឲ្យ​​សម្រេច​ប្រយោជន៍ ។ ក្នុ​ង​ព្រះ​ពុទ្ធ​សាសនា ពាក្យ​ថា​ឥទ្ធិ​សំដៅ​យក​ឬទ្ធិ​ខាង​ផ្លូវ​ចិត្ត​ឬ​ផ្លូវ​ជំនឿ​សាសនា ដែល​ជា​គ្រឹះ​នៃ​កម្លាំង ។ ក្នុង​ការ​ស្វែង​រក​ការ​ត្រាស់​ដឹង ឥទ្ធិបាទ​ធម៌​៤​នេះ ជា​កម្លាំង​ឲ្យ​សម្រេច​ផល​បាន ។ ក្នុង​វិរទ្ធ​សូត្រ (សំយុត្តនិកាយ​លេខ​៥១​.​២) មាន​សេចក្តី​ថាៈ ម្នាល​ភិក្ខុ! អ្នក​ដែល​មិន​ខ្វល់​ខ្វាយ​ចំពោះ​ឥទ្ធិ​បាទ គឺ​ជា​អ្នក​រាយ​មាយ​ចំពោះ​អរិយមគ្​គដែល​នាំ​ផ្លូវ​ទៅ​កាន់​ទី​បំផុត​នៃ​ ទុក្ខ​ ។ អ្នក​ដែល​ទទួល​យក​ឥទ្ធិបាទ គឺ​ជា​អ្នក​ទទួល​យក​អរិយមគ្គ ដែល​នាំ​ផ្លូវ​ទៅ​កាន់​ទី​បំផុត​នៃ​ទុក្ខ ។ មូល​ដ្ឋាន​នៃ​ឥទ្ធិ​បាទ ស្ថិត​នៅ​លើ​ការ​ចម្រើន​សមាធិ​លើ ​ឆន្ទៈ វិរិយៈ ចិត្តៈ និង​វិមំសា ។ ក្នុង​ធម្មបរិយាយ​នៃ​គម្ពីរ​ធម៌​ជា​ច្រើន ឥទ្ធិបាទ​ធម៌​នេះ​គេ​ចម្រើន​ជាប់​ជា​មួយ​នឹង​សម្មប្បធាន ដូច​ជា​ការ​ចម្រើន​សមាធិ លើ​ឆន្ទៈ​ជា​ដើម មាន​សេចក្តី​បរិយាយ​ថាៈ ម្នាល​ភិក្ខុ! កាល​ណា​ភិក្ខុ តាំ​ង​នៅ​ស៊ប់​ក្នុង​សមាធិ មាន​អារម្មណ៍​មូល​តែ​មួយ​លើ​ឆន្ទៈ នេះ​ហៅ​ថា​ឆន្ទៈ​សមាធិ ។ ភិក្ខុ​នោះ​បង្កើត​ឆន្ទៈ ដើម្បី​សភាវៈ​នៃ​អកុសល​ធម៌ ដែល​មិន​ទាន់​កើត​ឡើង មិន​អាច​កើត​ឡើង​បាន ។ ភិក្ខុ​នោះ​ប្រារព្ធ​សេចក្តី​ប្រឹង​ប្រែង បង្កើន​ថា​ម​ពល ពង្រឹង​ទឹក​ចិត្ត បំពេញ​សេចក្តី​ព្យាយាម ភិក្ខុ​នោះ​ធ្វើ​ឲ្យ​ឆន្ទៈ​កើត​ឡើង ដើម្បី​បោះ​បង់​ចោល នូវ​សភាវៈ​នៃ​អកុសល​ធម៌​ដែល​បាន​កើត​ឡើង​ហើយ.​.​.ដើ​ម្បី​សភាវៈ​នៃ​កុសល​ធម៌ ដែល​មិន​ទាន់​កើត ឲ្យ​កើត​ឡើង​បាន​.​.​.​ដើម្បី​រក្សា​ទុក​នូវ​សភាវៈ​នៃ​កុស​ល​ធម៌​ដែល​បាន​ កើត​ឡើង​ហើយ កុំ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ ។ ភិក្ខុ​នោះ​ប្រារព្ធ​សេចក្តី​ប្រឹង​ប្រែង បង្កើន​ថា​មពល ពង្រឹង​ទឹក​ចិត្ត បំពេញ​សេ​ចក្តី​ព្យា​យាម ។ ទាំង​អស់​នេះ​ហៅថា​ វិរិយ​សង្ខា​រ​ ។ ដូច្នេះ​ឆន្ទៈ​នៃ​ភិក្ខុ​នោះ និង​ឆន្ទៈ​សមាធិ និង​វិរិយ​សង្ខារ ហៅ​ថា​មូល​ដ្ឋាន​ សម្រាប់​ឬទ្ធិ​នៃ​ចិត្ត ដែល​ប្រកប​ដោយ​ឆន្ទ​សមាធិ និង​វិរិយ​សង្ខារ ។ ធម្មបរិយាយ​ពន្យល់​អំពី ឥទ្ធិ​បាទ​៣​ទៀត តាម​របៀប​ដូច​គ្នា​ដែរ​ ។

ឥន្រ្ទិយ​ ៥ ​ឥន្រ្ទិយ​ធម៌​​ជា​​ធំ​​មាន​​៥​ ​គឺៈ
១- សទ្ធិ​ន្រ្ទិយ សទ្ធា​ជា​ធំ
២- វិរិយិ​ន្រ្ទិយ វិរិយៈ​ជា​ធំ
៣- សតិ​ន្រ្ទិយ សតិ​ជា​ធំ
៤- សមាធិ​ន្រ្ទិយ សមាធិ​ជា​ធំ
៥- បញ្ញិ​ន្រ្ទិយ បញ្ញា​ជា​ធំ ។

          ឥន្រ្ទិយ​មាន​ន័យ​ថា របស់​ព្រះ​ឥន្រ្ទ ឬ​ជា​ទី​រីក​រាយ​របស់​ព្រះ​ឥន្ទ ដែល​ជា​ស្តេច​ទេវតា នៃ​ស្ថាន​តាវតឺង្ស ។ ក្នុង​ព្រះ​ពុទ្ធ​សាសនា ឥន្រ្ទិយ​បាន​ដល់​អ្វី​ដែល​ជាធំ​ក្នុង​ការ​គ្រប់​គ្រង​​ត្រួត​ពិនិត្យ ដូច​ព្រះ​ឥន្រ្ទ ដែល​មាន​អំណាច​ជា​ធំ​លើ​ពួក​ទេវតា ។ ឥន្រ្ទិយ​អាច​មាន​នៅ ក្នុង​ក្រុម​ធម៌​៣​ប្រការ គឺ​ក្នុង​ធម៌​ដែល​ជា​របស់​ចិត្ត (ឥន្រ្ទិយ៥​ខាង​លើ) ដែល​ជា​របស់ អាយតនៈ (​ឥន្រ្ទិ​យ៦ មាន​ចក្ខិន្រ្ទិយ​ជា​ដើម) និង​ដែល​ជា​របស់​បាតុភូត (ឥន្រ្ទិយ​២២​) ។ ក្នុង​ទី​នេះ​និយាយ​តែ​អំពី ឥន្រ្ទិយ​ជា​របស់​ចិត្ត ដែល​ជា​ផ្នែក​នៃ ពោធិ​បក្ខិយ​ធម៌​៣៧ ។
១- សទ្ធិន្រ្ទិយ សទ្ធា​ជាធំ បាន​ដល់​សទ្ធា​ចំ​ពោះ​ការ​ត្រាស់​ដឹង​នៃ​ព្រះ​ពុទ្ធ ។
២- វិរិយិន្រ្ទិយ វិរិយៈ​ជាធំ បាន​ដល់​ការ​បំពេញ សម្មប្បធាន​៤ ។
៣- សតិ​ន្រ្ទិយ សតិ​ជា​ធំ បាន​ដល់​ប្រមូល​អារម្មណ៍ ទៅ​លើ​សតិ​បដ្ឋាន​៤ ។
៤- សមាធិន្រ្ទិយ សមាធិ​ជា​ធំ បាន​ដល់​ការ​សម្រេច​ឈាន​៤​ថ្នាក់ ។
៥- បញ្ញិន្រ្ទិយ បញ្ញា​ជា​ធំ បាន​ដល់​បញ្ញា​យល់​ដឹង អំពី​អរិយ​សច្ចៈ៤​ ។

          ក្នុង​​អង្គុត្តរ​និកាយ ៦.៥៥ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា បញ្ញិ​ន្រ្ទិយ ជា​ចំបង​គេ​ក្នុង​ឥន្រ្ទិយ​ទាំង​៥​នេះ ។ ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​ភិក្ខុ​សោណៈ​ថាៈ កាល​ណា​ខ្សែ​ពិណ​របស់​អ្នក​មិន​តឹង​ពេក មិន​ធូរ​ពេក រឹត​តឹង​ល្មម​នឹង​សម្លេង​ ហើយ​កាល​ណា​អ្នក​ដេញ តើ​នឹង​មាន​សម្លេង​ពិរោះ​មែន​ឬ​ទេ​? បពិត​ព្រះ​អង្គ​ដ៏​ចម្រើន! ពិត​ដូច្នេះ​មែន​ហើយ ។ ដូច​គ្នា​យ៉ាង​នេះ​ដែរ ម្នាល​សោណៈ ការ​ខំ​ប្រឹង​ហួស​ពេក នាំ​ឲ្យ​ច្រាស​ច្រាល​មិន​ស្ងប់ ការ​ខ្វះ​សេចក្តី​ប្រឹង​ប្រែង នាំ​មក​នូវ​ការ​ខ្ជិល ដូច្នេះ​អ្ន​ក​ត្រូវ​រើស​យក សភាព​តឹង​ល្មម ដែល​ត្រូវ​នឹង​សេចក្តី​ប្រឹង​ប្រែង​របស់​អ្នក អនុវត្ត​តាម​របៀប​របស់​អ្នក ទៅ​លើ​ឥន្រ្ទិយ​ទាំង​៥ ។ គម្ពីរ​ព្រះ​វិសុទ្ធិ​មគ្គ និង​អដ្ឋក​ថា​បាលី ក្រោយ​គម្ពី​រ​បិដក បាន​រំលឹក​ដាស់​តឿន​ថា កុំ​ឲ្យ​ឥន្រ្ទិយ​ណា​មួយ​ខ្លាំង​ហួស​ពេក ហើយ​គ្រប​សង្កត់​ឥន្រ្ទិយ​៤​ទៀត ហើយ​ជា​ទូទៅ​ដាស់​តឿន ឲ្យ​សម្រួល​ឥន្រ្ទិយ​ដែល​ខ្លាំង​ហួស​នោះ តាម​រយៈ​ធម្ម​វិចយៈ (ការ​ពិនិត្យ​ធម៌) ឬ​សមថ​សមាធិ ។ អដ្ឋក​ថា​ទាំង​នោះ ថែម​ទាំង​ដាស់​តឿន​ថា ឲ្យ​ចម្រើន​ឥន្រ្ទិយ​៥​នេះ ដោយ​ថ្លឹង​ធម៌​ពីរ​ៗ៖​
​សទ្ធា​ខ្លាំង បញ្ញា​ខ្សោយ ជា​ហេតុ​ឲ្យ​សេចក្តី​ទុក​ចិត្ត​ខ្វះ​ទី​លំ​នឹង ។ បញ្ញា​ខ្លាំង សទ្ធា​ខ្សោយ ខុស​ខាង​ការ​ឆ្លាត ពិបាក​នឹង​កែ ដូច​ទាស់​ព្រោះ​ថ្នាំ​សង្កូវ ។ ដោយ​ថ្លឹង​សទ្ធា​និ​ង​បញ្ញា​ឲ្យ​ស្មើ​គ្នា បុគ្គ​ល​ម្នាក់​មាន​សទ្ធា តែ​កាល​ណា​សទ្ធា​របស់​គាត់ មា​ន​គ្រឹះ​មាំ​ប៉ុណ្ណោះ (គម្ពីរ​វិសុទ្ធិ​មគ្គ វគ្គ​ទី​៤ ទំព័រ​ ៤៧) ។
សមាធិ​ខ្លាំង វិរិយៈ​ខ្សោយ ព្រោះ​សមាធិ​ធ្វើ​ឲ្យ ទោរ​ទន់​ទៅ​កាន់​ការ​ខ្ជិល ។ វិរិយៈ​ខ្លាំង សមាធិ​ខ្សោយ ព្រោះ​វិរិយៈធ្វើ​ឲ្យ ទោរ​ទន់​ទៅ​កាន់​សេចក្តី​មិន​ស្ងប់ ។ ប៉ុន្តែ​សមាធិ​ដែល​រួម​ជា​មួយ​វិរិយៈ មិន​អាច​ភ្លាត់​ចូល​ក្នុង​ការ​ខ្ជិល ហើយ​វិរិយៈ​ដែល​រួម​ជា​មួយ សមាធិ​ក៏​មិន​ភ្លាត់​ចូល​ទៅ​ក្នុង​ការ​ច្រាស​ច្រាល​ដែរ​ ។ ដូច្នេះ​សមាធិ​និង​វិរិយៈ ត្រូវ​តែ​ថ្លឹង​ឲ្យ​ស្មើ​គ្នា ព្រោះ​ថា​ឈាន​កើត​ឡើង ដោយ​សារ​ភាព​ស្មើ​គ្នា​នេះ​ (គម្ពីរ​វិសុទ្ធិ​មគ្គ វគ្គ​ទី​៤ ទំព័រ​៤៧)។
          បុគ្គល​​អ្នក​ធ្វើ​សមាធិ ត្រូវ​ការ​កម្លាំង​សទ្ធា ព្រោះ​ជា​មួយ​សទ្ធា និង​សេចក្តី​ទុក​ចិត្ត​ដែល​គាត់​បាន​មក​នូវ​ឈាន (គម្ពីរ​វិសុទ្ធិ​មគ្គ ​វគ្គ​ទី៤ ទំព័រ​៤​៨​) ​។ បន្ទាប់​មក ត្រូវ​មាន​ភាព​ស្មើ​គ្នា នៃ​សមាធិ​និង​បញ្ញា ។ បុគ្គល​អ្ន​ក​ធ្វើ​សមាធិ ត្រូវ​ការ​ឯកកត្តា​ចិត្ត (អារម្មណ៍​មូល​តែ​មួយ) ព្រោះ​ថា​គាត់​បាន​នូវ​ឈាន​របៀប​នេះ​ឯង ។ ហើយ​បុគ្គល​ដែល​ធ្វើ​វិបស្សនា ត្រូវ​ការ​កម្លាំង​បញ្ញា ព្រោះ​ថា​គាត់​បាន​ចូល​ស៊ប់ ក្នុង​ត្រៃ​លក្ខណ៍​ដោយ​របៀប​នេះ​ឯង ​។ ប៉ុន្តែ​ដោយ​ការ​ថ្លឹង សមាធិ​និង​បញ្ញា​ឲ្យ​ស្មើ​គ្នា គាត់​ក៏​អាច​បាន​នូវ​ឈាន​ទៀត​ផង (គម្ពីរ​វិសុទ្ធិ​មគ្គ វគ្គ​ទី​៤ ទំព័រ​៤៨)។ ចំណែក​ឯ​សតិ​វិញ គេ​ត្រូវ​ការ​វា​គ្រប់​កាល​ទេសៈ ព្រោះ​សតិ​ជា​គ្រឿង​ការ​ពារ កុំ​ឲ្យ​ចិត្ត​ភ្លាត់​ចុះ​ទៅក្នុង​ភាព​ច្រាស​ច្រាល តាម​រយៈ​សទ្ធា វិរិយៈ និង​បញ្ញា ហើយ​កុំ​ឲ្យ​ចិត្ត​ភ្លាត់​ចុះ​ទៅ​ក្នុង​ការ​ខ្ជិលតាម​​រយៈ​សមាធិ (គម្ពីរ​វិសុទ្ធិ​មគ្គ វគ្គ​ទី៤​ ទំព័រ​៤៩) ។ ក្នុង​សំយុត្ត​និកាយ ៤៨.៤៣ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា ឥន្រ្ទិយ​៥ គឺ​ជា​ពលៈ​៥​ដែរ ។ ព្រះ​អង្គ​ប្រៀប​ប្រ​ដូច ឥន្រ្ទិយ​និង​ពលៈ​ទៅ​នឹង​ខ្សែ​ទឺក​ហូរ​ក្នុង​ស្ទឹង ដែល​មាន​កោះ​នៅ​កណ្តាល កោះ​នោះ​ញែក​ខ្សែ​ទឹក​ជា​២ ប៉ុន្តែ​គេ​ឃើញ​ខ្សែ​ទឺក មាន​តែ​មួយ​ដដែល ។ អ​ដ្ឋ​កថា​​បាលី​មួយ​ចំនួន កត់​សំគាល់​ថា ធម៌​ទាំង​៥​នេះ​ជា​ឥន្រ្ទិយ កាល​ណា​វា​គ្រប់​គ្រង​អាណាចក្រ​របស់​វា​ហើយ​ ធម៌​ទាំង​៥​នេះ​ជា​ពលៈ កាល​ណា​វា​រឹង​មាំ​ក្នុង​ការ​ទប់​ទល់​នឹង​សត្រូវ​របស់​វា ។
ពលៈ៥ ធម៌​ដែល​ជា​កម្លាំង ហៅ​ថា​ពលៈ​មាន​៥ គឺៈ
១- សទ្ធាពលៈ កម្លាំងគឺ​សទ្ធា​
២- វិរិយពលៈ កម្លាំង​គឺ​សេចក្តី​ព្យាយាម​
៣- សតិពលៈ កម្លាំង​គឺ​សតិ​
៤- សមាធិពលៈ កម្លាំង​គឺ​សមាធិ​
៥- បញ្ញាពលៈ កម្លាំង​គឺ​បញ្ញា​

ក្នុង​សំយុត្ត​និ​កាយ ៤៨.៤៣ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា ពលៈ​៥ គឺ​ជា​ឥន្រ្ទិយ​៥​ដែរ ។ ព្រះ​អង្គ​ប្រៀប​ប្រ​ដូច​ឥន្រ្ទិយ​និង​ពលៈ ទៅ​នឹង​ខ្សែ​ទឺក​ហូរ​ក្នុង​ស្ទឹង ដែល​មាន​កោះ​នៅ​កណ្តាល កោះ​នោះ​ញែក​ខ្សែ​ទឺក​ជា​២ ប៉ុន្តែ​គេ​ឃើញ​ខ្សែ​ទឺក មាន​តែ​មួយ​ដដែល ។ អដ្ឋ​កថា​បាលី​មួយ​ចំនួន កត់​សំគាល់​ថា ធម៌​ទាំង​៥​នេះ​ជា​ពលៈ កាល​ណា​វា​រឺង​មាំ ក្នុង​ការ​ទប់​ទល់​នឹង​សត្រូវ​របស់​វា ។ ហើយ​ធម៌​ទាំង​៥​នេះ​ជា​ឥន្រ្ទិយ កាល​ណា​​វា​គ្រប់​គ្រង​អា​ណា​ចក្រ​របស់​វា ។
ពោជ្ឈង្គ៧ ពោជ្ឈង្គ អង្គ​ជា​ធម៌​នៃ​ការ​ត្រាស់​ដឹង មាន​៧​គឺៈ
១-សតិ សេចក្តី​រឭក​បាន
២- ធម្មវិ​ចយៈ សេចក្តី​ពិ​ចារ​ណា ជ្រើស​រើស​រក​ធម៌
៣- វិរិយៈ សេច​ក្តី​ព្យា​យាម
៤- បីតិ សេចក្តី​ឆ្អែត​ចិត្ត
៥- បស្សទ្ធិ សេចក្តី​ស្ងប់​ចិត្ត
៦- សមាធិ ការ​តំកល់​ចិត្ត​ឲ្យ​នឹង
៧- ឧបេក្ខា ភាវៈ​ដែល​ចិត្ត​ដែល​ព្រ​ងើយ ចំពោះ​អារម្មណ៍ ។

ក្នុង​សំយុត្ត​និកាយ ពោជ្ឈង្គ​៧​បាន​ដល់​​អង្គ​នៃ​កុសល​ធម៌ ដែល​នាំ​ឲ្យ​ទៅ​ដល់​ការ​ត្រាស់​ដឹង​ជា​លោកិ​យៈ ។ ក្នុង​អភិធម្ម​និង​អដ្ឋក​ថា​បាលី​វិញ ពោជ្ឈង្គ​ហាក់​ដូច​ជា​ធម៌​ស្រប​គ្នា​ទៅ​នឹង​ការ​ត្រាស់​ដឹង ជា​លោកុត្តរៈ ។ ក្នុង​ធម្មទេសនា​មួយ ក្នុង​សំយុត្ត​និកាយ​ ៤៦.៥ ភិក្ខុ​មួយ​អង្គ​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ​ថាៈ បពិត​ព្រះ​អង្គ​ដ៏​ចម្រើន! មាន​ពាក្យ​ថា ពោជ្ឈង្គ ពោជ្ឈង្គ ដែល​ហៅ​ថា​ពោជ្ឈង្គ​នេះ មាន​ក្នុង​ន័យ​ដូច​ម្តេច? ព្រះ​ពុទ្ធ​ទ្រង់​ត្រាស​តប​ថាៈ ភិក្ខុ​, ​ធម៌​នេះ​នាំ​ទៅ​កាន់​ការ​ត្រាស់​ដឹង ទើប​ហៅ​ថា​ពោជ្ឈង្គ​ដូច្នេះ​ ​។ នៅ​ពេល​ចម្រើន​សមាធិ បុគ្គល​មា្នក់​អាច​ពិចារណា​ពោជ្ឈង្គ ព្រម​ទាំង​ធម៌​ដែល​ជា​សត្រូវ​គឺ​នីវរណ​ធម៌​៥ ។ សំយុត្តនិកាយ​សូត្រ​មួយ បញ្ជាក់​ថែម​ទៀត​ថា អង្គ​នៃ​ពោជ្ឈង្គ​និមួយ​ៗ អាច​យក​មក​ចម្រើន ជា​មួយ​នឹង​ព្រហ្ម​វិហារ​៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ទៀត​ថា សតិ​មាន​គុណ​ប្រយោជន៍​ច្រើន​ជា​និច្ច កាល​បុគ្គល​ណា​មួយ មាន​ចិត្ត​យឺត​យ៉ាវ បុគ្គល​នោះ​ត្រូវ​ចម្រើន ធម្ម​វិចយៈ វិរិយៈ និងបីតិ ហើយ​កាល​ណា​ចិត្ត​របស់​បុគ្គល​នោះ​ច្រាស​ច្រាល ​បុគ្គល​នោះ​ត្រូវ​ចម្រើន​បស្សទ្ធិ សមាធិ និង​ឧបេក្ខា ។
ក្នុង​គម្ពីរ​ព្រះ​វិសុទ្ធិ​មគ្គ ផ្នែក​ការ​ពិភាក្សា​ដើម្បី​សម្រេច​ឈាន​និង​រក្សា​ឈាន​ឲ្យ​ស្ថិត​ស្ថេរ ព្រះ​ពុទ្ធ​ឃោសៈ​បាន​បញ្ជាក់​អំពី​ពោជ្ឈង្គ ដូច្នេះ​ថាៈ សតិ​ខ្លាំង​ក្លា​.​.​.​គេ​ត្រូវ​ការ​វា​គ្រប់​កាលៈ​ទេសៈ កាល​ណា​ចិត្ត​ធ្លាក់​ចុះ ជា​មួយ​ការ​អន់​ថយ​នៃ​វិរិយៈ (ជា​ដើម) គេ​ត្រូវ​ចម្រើន​អង្គ​៣​នេះ ធម្មវិចយៈ វិរិយៈ និង​បីតិ ។ កាល​ណា​ចិត្ត​ច្រាស​ច្រាល តាម​ការ​ប្រឹង​ប្រែង​ហួស​កម្រឹត គេ​ត្រូវ​ចម្រើន​អង្គ៣​នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។ ក្នុង​ការ​ធ្វើ​សមាធិ គេ​ច្រើន​ពិសោធន៍​ឃើញ ធម៌​២​ក្នុង​នីវរណ​៥ គឺ​ថីន​មិទ្ធៈ (សេចក្តី​ច្រអូស​កាយ​ច្រអូស​ចិត្ត) និង​ឧទ្ធច្ចកុក្កុ​ច្ច (សេច​ក្តី​រំខាន​ក្រហល់​ក្រហាយ​ចិត្ត) ដែល​ជា​ហេតុ​មិន​ឲ្យ​ចិត្ត​ស្ងប់​បាន ។ តាម​សំយុត្ត​និកាយ​ ៤៦.៥៣ មាន​ការ​រំឭក​ថា បីតិ ធម្មវិច យៈ និង​វិរិយៈ ត្រូវ​យក​មក​ចម្រើន កាល​ណា​គេ​ពិសោធន៍​ឃើញ​ថីន​មិទ្ធៈ, បស្សទ្ធិ សមាធិ និង​ឧបេក្ខា ត្រូវ​យក​មក​ចម្រើន កាល​ណា​គេ​ពិ​សោធន៍ ឃើញ​ឧទ្ធច្ចកុក្កុច្ចៈ ។ សតិ​ត្រូវ​តែ​មាន​គ្រប់​ពេល ដើម្បី​ដឹង​ប្រាក​ដ​ថា ការ​ប្រែ​ប្រួល នៃ​កាយ​និង​ចិត្ត ប្រកប​ដោយ​ផល ឬ​មិន​ប្រកប​ដោយ​ផល ។​
អរិយ​អដ្ឋង្គិក​មគ្គ​៨​អរិយ​អដ្ឋង្គិក​មគ្គ ផ្លូ​វ​ដ៏​ប្រសើរ ប្រកប​ដោយ​អង្គ​៨​ប្រការ​គឺៈ
១- សម្មាទិដ្ឋិ បញ្ញា​ឃើញ​ត្រូវ
២- សម្មាសង្កប្ប សេចក្តី​ត្រិះ​រិះ​ត្រូវ
៣- សម្មាវាចា វា​ចា​ត្រូវ
៤- សម្មាកម្មន្ត ការ​ងារ​ត្រូវ
៥- សម្មាអាជីវៈ ការ​ចិញ្ចឹម​ជីវិ​ត​ត្រូ​វ
៦- សម្មាវាយាម សេចក្តី​ព្យាយាម​ត្រូវ
៧- សម្មាសតិ សេច​ក្តី​រឭក​​ត្រូវ
៨- សម្មាសមាធិ សមាធិ​ត្រូវ

អរិយ​អដ្ឋង្គិក​មគ្គ គឺ​ជា​ខ្លឹម​សារ​នៃ​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ ដែល​ព្រះ​អង្គ​ទ្រង់​បរិយាយ​ថា​ជា​ផ្លូវ​ទៅ​កាន់​ការ​រំលត់​ទុក្ខ ហើយ​និង​ឲ្យ​សម្រេច​ការ​ត្រាស់​ដឹង ។ អរិយមគ្គ​នេះ​ប្រើ​សម្រាប់​ចម្រើន​បញ្ញា ទៅ​ក្នុង​ធម្មជាតិ​ពិត​នៃ​បាតុភូត (តាម​សភាព​ពិត)​ហើយ​ផ្តាច់​ឫស​លោភៈ​ ទោសៈ​ មោហៈ មិន​ឲ្យ​សេស​សល់ ។ អរិយ​អដ្ឋង្គិក​មគ្គ ជា​អង្គ​ធម៌​ទី៤​ នៃ​អរិយ​សច្ច​៤ ។ អង្គ​ធម៌​ទី១​ក្នុង​អរិយ​អដ្ឋង្គិក​មគ្គ (សម្មា​ទិដ្ឋិ) គឺ​ការ​យល់​ច្បាស់ អំពី​អរិយ​សច្ចៈ ។ អរិយ​អដ្ឋង្គិក​មគ្គ​នេះ មាន​ឈ្មោះ​ម៉្យាង​ទៀត​ថា មគ្គ​កណ្តាល ឬ​ផ្លូវ​កណ្តាល ។ អង្គ​និមួយៗ​ចាប់​ផ្តើម​ដោយ​ពាក្យ​សម្មា ដែល​មាន​ន័យ​ថា​សុក្រិត ឬ​ដ៏​ប្រសើរ ។ ក្នុង​និមិត្ត​រូប​នៃព្រះ​ពុទ្ធ​សាសនា ជា​ទូ​ទៅ​អរិយ​អដ្ឋង្គិក​មគ្គ មាន​រូប​តំណាង​ជា​ធម្មចក្រ ដែល​មាន​កាំ​៨ ដែល​ជា​តំណាង​មគ្គ​៨ ​។
ពោធិបក្ខិយធម៌ ៤៣ ក្នុង​គម្ពីរ​បាលី​នេត្តិសូត្រ ១១២ និង ២៣៧ ពោធិ​បក្ខិយ​ធម៌​៤៣ បាន​យក​មក​រាប់​ដោយ​មាន​ពោធិបក្ខិយ​៣៧ នៅ​ក្នុង​នោះ​ផងៈ
ត្រៃ​លក្ខណ៍ ៣
១- អនិច្ចំ
២- ទុក្ខំ
៣- អនត្តា

បហាន (រលាស់​ចោល​នូវ​ទុក្ខ)
វិរាគៈ (ការ​សូន្យ​ទៅ​នៃ​រាគៈ) សម្រេច​អរហត្ត
និរោធៈ (ការ​កំចាត់​បង់​នូវ​អាសវៈ​ទាំង​ពួង) បាន​ដល់​ព្រះ​និព្វាន

មហា​បរិនិព្វាន​សូត្រ​ក្នុង​ទី​ឃនិកាយ​១០ មហានិព្វាន​សូត្រ ដែល​រ៉ាយ​រ៉ាប់​អំពី​ថ្ងៃ​​ចុង​​ក្រោយ​របស់​ព្រះ​ពុទ្ធ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល ទៅ​កាន់​អង្គ​ប្រ​ជុំ​ថាៈ ឥឡូវ​នេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ! តថាគត​ប្រាប់​អ្នក​អំពី​ការ​ប្រៀន​ប្រដៅ​របស់​តថាគត ដែល​តថាគត​បាន​ដឹង​ដោយ​ការ​ពិសោធន៍ ហើយ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ហើយ​ថា​ការ ប្រៀន​ប្រដៅ​ទាំង​នោះ អ្នក​គប្បី​សិក្សា​ដោយ​ហ្មត់​ចត់ បណ្តុះ​បណ្តាល ធ្វើ​ឲ្យ​ចម្រើន​ឡើង បដិបត្តិ​ជា​ញឹក​ញយ ដែល​សេចក្តី​បរិសុទ្ធ​នៃ​ការ​រស់​នៅ អាច​សម្រេច​បាន ហើយ​តាំង​នៅ​យូរ ដើម្បី​សុខ​មាល​ភាព និង​សេចក្តី​រី​ក​រាយ​ជា​ច្រើន ដែល​ចេញ​មក​អំពី​ករុណា​ចំពោះ​លោក ដើម្បី​ផល​ប្រយោជន៍ សេចក្តី​សុខ​សាន្ត និង​សេចក្តី​រីក​រាយ​នៃ​ទេព្តានិង​មនុស្ស ​។​ ហើយ​អ្វី ម្នាល​ភិក្ខុ​ទាំង​ឡាយ! ជា​ការ​ប្រៀន​ប្រដៅ​ទាំង​នោះ? គឺ​សតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ ហើយ​និង​អរិយអដ្ឋង្គិក​មគ្គ​៨ ។ ធម៌​ទាំង​អស់​នេះ​ហើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ! ជា​ការ​ប្រៀន​ប្រដៅ ដែល​តថាគត​បាន​មក ពី​ការ​​ពិសោធន៍ ហើយ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ហើយ ថា​ការ​ប្រៀន​ប្រ​ដៅ​ទាំង​នោះ អ្នក​គប្បី សិក្សា​ដោយ​ហ្មត់​ចត់ បណ្តុះ​បណ្តាល ធ្វើ​ឲ្យ​ចម្រើន​ឡើង ហើយ​បដិបត្តិ​ជា​ញឹក​ញយ​​​​.​.​.​។​

បញ្ចក្ខន្ធ
បញ្ចក្ខន្ធ មក​ពី​ពាក្យ បញ្ច = ៥ +​ ខន្ធ = ក្រុម ពួក ។ ខន្ធ khandha ជា​ពាក្យ​បាលី សំ​ស្រ្កឹត​ហៅ​ថា ស្កន្ធ skandha គឺ​ជា​បាតុ​ភូត​៥​យ៉ាង ដែល​ជា​ឧបករណ៍​នៅ​ជាប់​ជា​មួយ​ខ្លួន និង​ជា​មូល​ដ្ឋាន​នៃ​វិញ្ញាណ​ឲ្យ​ដឹង​អំពី​ខ្លួន​ឯង ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា​ក្នុង​បញ្ចក្ខ​ន្ធ​នេះ គ្មាន​អ្វី​ជា អញ ឬ​ជា​របស់អញ ឡើយ ​។ ក្នុង​ប្រពៃណី​ថេរ​វាទ សេចក្តី​ទុក្ខ​កើត​ឡើង កាល​ណា​គេ​ជាប់​ជំពាក់ (ឧបា​ទាន) ចិត្ត​ទៅ​ជា​មួយ​នឹង​ខន្ធ​៥ គឺ​ថា​សេចក្តី​ទុក្ខ​នឹង​រំលត់​បាន​ដោយ​ការ​បោះ​បង់ ការ​ជាប់​ជំពាក់​នឹង​ខន្ធ​៥​ចោល ។ ប្រពៃណី​មហា​យាន ពោល​បន្ថែម​ទៀត​ថា កា​រ​រួច​រំដោះ​ចុង​ក្រោយ​បង្អស់ សម្រេច​ទៅ​បាន​ដោយ​ការ​ចូល​ជ្រៅ​ទៅ​ក្នុង ធម្មជាតិ​នៃ​បញ្ចក្ខន្ធ ថា​ជា​របស់​សោះ​សូន្យ​ទទេ ឥត​ខ្លឹម​សារ ។
សេចក្តី​ពន្យល់​អំពី​បញ្ចក្ខន្ធ​ទ្រឹស្តី​ក្នុង​ព្រះ​ពុទ្ធ​សាសនា ពន្យល់​បញ្ចក្ខន្ធ​ដូច​ខាង​ក្រោម​នេះ៖
១- រូបក្ខ​ន្ធ ក្រុម​រូប គឺ​គ្រឿង​ក្រៅ​និង​ក្នុង​របស់​ខ្លួន​ប្រាណ រាប់​ទាំង​ប្រដាប់​វិញ្ញាណ​ផង ។ ក្រុម​រូប​នេះ​ឬ​ហៅ​ថា​រូប​ធម៌ មាន​២៨​គឺ មហាភូតរូប​៤ និង​ឧបាទាយរូប​២៤ ។ រូប​ទាំង​២៨​នេះ​មាន​លក្ខណៈ​ផ្សេង​ៗគ្នា ខ្លះ​រឹង រាវ ក្តៅ​ត្រជាក់ ល្ហើយ, ខ្លះ​មើល​ឃើញ ខ្លះ​មើល​មិន​ឃើញ តែ​បើ​ពោល​តាម​លក្ខណៈ​រួម​វិញ មាន​តែ​មួយ គឺ​ជាធម្មជាតិ​កើត​ឡើង ហើយ​រលត់​សាប​សូន្យ​ទៅ​វិញ ដូច​គ្នា​គ្រប់​រូប​ទាំង​អស់ ។
២- វេទនា​ខន្ធ ក្រុម​វេទនា ការ​សោយ​អារម្មណ៍​ដោយ​ចិត្ត ៥​យ៉ាង​គឺ សុខ​វេទនា១ ទុក្ខវេ​ទនា១ សោម​នស្សវេទនា១ ទោមនស្ស​វេទនា១ និង​អទុក្ខ​ម​សុខ​វេទនា​១ ​។​
៣- សញ្ញា​ខន្ធ ក្រុម​សញ្ញា ការ​ចាំ​ឬ​ស្គាល់​នូវ​អារម្មណ៍ ថា​ជា​អ្វី ដូច​ជា​សម្លេង​ជួង ដើម​ឈើ ជា​ដើម បាន​ដល់​សញ្ញា​ដែល​កើត​ជាមួយ​ចិត្ត​៨៩​ដួង ។
៤- សង្ខារ​ក្ខន្ធ ក្រុម​សង្ខារ កិរិយា​របស់​ចិត្ត ដូច​ជា​ការ​គិត ការ​ចង់ ការ​យល់​ឃើញ ការ​សម្រេច​ចិត្ត ដែល​ធ្វើ​ប្រតិកម្ម បន្ទាប់​ពី​បាន​ទទួល​អារម្មណ៍​ណា​មួយ ជា​ក្រុម​តាក់​តែង​នូវ​អារម្មណ៍ បាន​ដល់​ចេតសិក​៥០ គឺ​ចេតសិក​ទាំង​អស់​៥២ ដក​វេទនា១​និង​សញ្ញា១​ចេញ ។​
៥- វិញ្ញាណក្ខន្ធ ក្រុម​វិញ្ញាណ ការ​ដឹង​ច្បាស់​នូវ​អារម្មណ៍ បាន​ដល់​ចិត្ត​៨៩​ដួង ។
- តាម​គម្ពីរ​និកាយ: អ្វី​ដែល​ឲ្យ​គេ​ដឹង​អារ​ម្មណ៍ ។
- តាម​គម្ពីរ​ព្រះ​អភិធម្ម: ការ​ដឹង​តៗ​គ្នា​ជា​ខ្សែ​យ៉ា​ង​រហ័ស
- តាម​ប្រភព​មហាយាន​ខ្លះ: ជា​ជើង​ទ្រ​នៃ​អ្វី​ៗដែល​មាន ។
វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ជា​ខន្ធ​របស់​ចិត្ត ហៅ​ថា​នាម​ធម៌ ។ ក្នុង​គម្ពីរ​បិដក និង​គម្ពីរ​អាគម Āgama សេចក្តី​បរិយាយ​ភាគ​ច្រើន ដែល​ផ្តោត​ទៅ​លើ​បញ្ចក្ខន្ធ ផ្តល់​ការ​ពិភាក្សា​ថា ជា​គោល​ការណ៍​នៃ​សេចក្តី​យល់​ដឹង និង​ការ​រំដោះ​ចេញ​ពី​ទុក្ខ ដោយ​មិន​ពន្យល់​ពី​ការ​ទាក់​ទង​គ្នា​រវាង​បញ្ចក្ខន្ធ​ទេ ។ យ៉ាង​ហោច​ណាស់ តាម​ការ​បរិយាយ​ខាង​សាសនា​ខ្លះ ក៏​គេ​អាច​ទាញ​យក​ការ​ជាប់​ទាក់​ទង​គ្នា​ដោយ​បច្ច័យ​រវាង​បញ្ចក្ខន្ធ​ដែរ ។ រូប ឬ​រូប​ក្ខន្ធ ជា​ធម្មជាតិ​កើត​ឡើង ហើយ​ប្រែប្រួល​និង​រលត់​សាប​សូន្យ​ទៅ​វិញ​ជា​ធម្មតា បាន​ដល់ រូប​២៨ តាម​ព្រះ​អភិធម្ម ។ រូប​ម្យ៉ាង​ទៀត គឺ​អ្វី​ៗ​ដែល​គេ​ទទួល​ដឹង​បាន​ដោយ​សារ​វិញ្ញាណ ដូច​ជា​ដើម​ឈើ (ដោយ​ភ្នែក) ស​ម្លេង (ដោយ​ត្រចៀក) ក្លិន (ដោយ​ច្រមុះ) រ​ស​ជាតិ (ដោយ​អណ្តាត) ផោ​ដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ក្លិន​ រស និង​ផោដ្ឋព្វ ក៏​មាន​ឈ្មោះថា​ជា​រូប​ដែរ (ខុស​គ្នា​ពី​រូប​ក្ខន្ធ) ។ អារម្មណ៍​ដែល​កើត​ឡើង​ជា​មួយ​នឹង​បសាទ មាន​ចក្ខុបសាទ​ជា​ដើម រួម​ជា​មួយ​នឹង​វិញ្ញាណ ទាំង​អស់​នេះ​ហៅ​ថា​ផស្សៈ ការ​ពាល់​ត្រូវ (នៃ​អារម្មណ៍) ។ ខន្ធ៣​ទៀត​ក៏​កើត​ឡើង​បន្ត​បន្ទាប់​គ្នា គឺ​សញ្ញាខន្ធ​-​វេទនាខន្ធ​-​សង្ខារ​ខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធ​ទាំង​៤​នេះ​ឈ្មោះ​ថា អរូប​​ក្ខន្ធ ។ ដូច្នេះ​បញ្ចក្ខន្ធ​ចែក​ជា​២​ផ្នែក​គឺ នាម(អរូបក្ខន្ធ៤) និង​រូប(រូប​ក្ខន្ធ ១)។ នាម​និង​រូប​អាស្រ័យ​ដោយ​គ្នា​នឹង​គ្នា ទៅ​វិញ​ទៅ​មក​ទើប​ស្ថិត​ស្ថេរ​បាន ។
ចំណែក​ផ្សេង​ៗ​នៃ​រថ​តាម​គម្ពីរ​សំយុត្ត​ និកាយ ព្រះ​ពុទ្ធ​មាន​ព្រះ​បន្ទូល​ថា រថ​កើត​ឡើង​ដោយ​សារ ការ​ផ្តុំ​គ្នា​នៃ​ចំណែក​ផ្សេង​ៗ ក៏​ដូច​គ្នា​នឹង​គំនិត​ថា បុគ្គល​កើត​ឡើង​ដោយ​សារ​តែ​ខន្ធ​៥ ។ ដូច្នេះ​រថ​ដែល​ជា​ឧទាហរណ៍ ជាក់​ស្តែង ក៏​ដូច​គ្នា​នឹង​បុគ្គល​ដែរ ។ ការ​វិភាគ​ដូច​គ្នា​នេះ ក៏​មាន​ចំពោះ​ចំណែក​និមួយៗ​របស់​រថ​ដែរ វា​មិន​មាន​រូប​រាង​ពិត​ទេ ព្រោះ​កើត​ឡើង​ដោយ​សារ​តែ​បច្ច័យ ដូច​គ្នា​នឹង​រថ​ទាំង​មូល​ដែរ ។​ ការ​មិន​ទទួល​ព្រម​ដ៏​ជាក់​លាក់ ថា​ជា​របស់​ដែល​មាន​ពិត ចំពោះ​ចំណែក​ផ្សេងៗ​របស់​បុគ្គល (ខន្ធ៥) ក្នុង​គម្ពី​រ​ជំនាន់​ដើម គឺ​រឿង​មួយ​ដែល​ពួក​មហា​យាន​ល្បី​ល្បាញ ជំនាន់​ក្រោយ បាន​ពោល​ថា៖ រូប​ទាំង​ឡាយ​ដូច​ជា​ពពុះ​ទឹក វេទនា​ដូច​ពពុះ​ខ្យល់ សញ្ញា​ដូច​ជា​ស្រមោល​ក្នុង​ទឹក វិញ្ញាណ​ដូច​ជា​ការ​ស្រមៃ ដូច​ព្រះពុទ្ធ​បាន​ពន្យល់ ដោយ​ឧទាហរណ៍ អំពី​ធម្មជាតិ​នៃខ​ន្ធ ​។
​ទស្សនៈ​របស់​ថេរ​វាទ​ក្នុង​អរិយសច្ចៈ​ទី​១ (ទុក្ខ​សច្ចៈ) ដែល​ព្រះ​ពុទ្ធ​បាន​សំដែង បញ្ចក្ខន្ធ​ ជា ឧបាទាន​ក្ខន្ធ គឺ​ខន្ធ​ដែល​ប្រកប​ដោយ ការ​ជាប់​ជំពាក់​និង​សេចក្តី​ទុក្ខ ជា​ហេតុ​ជា​បច្ច័យ ឲ្យ​ទុក្ខ​ក្នុង​អនាគត ខាង​មុខ​ទៀត ។ ដើម្បី​រំដោះ​ខ្លួន​ឲ្យ​ផុត​អំពី​ទុក្ខ​ទាំង​ពួង ត្រូវ​តែ​កុំ​ឲ្យ​មាន​បញ្ចក្ខន្ធ​ត​ទៅ​ទៀត ។​

អាយតនៈ​ Āyatana
ជា​ពាក្យ​បាលី មាន​ន័យ​ថា​មូលដ្ឋាន​នៃ​វិញ្ញាណ ។ ក្នុង​ព្រះ​ពុទ្ធ​សាសនា អាយតនៈ​ចែក​ចេញ​ជា​អាយតនៈ​ក្នុង​៦ (អជ្ឈត្តិ​កានិ អាយ​តនានិ) និង​អាយតនៈ ក្រៅ៦ (ពាហិ​រានិ អាយតនានិ) ។ ម្យ៉ាង​ទៀត​គេ​ស្គាល់​អាយតនៈ​ក្នុង ថា​ជា​បសាទ​ឬ​ទ្វា​រ​ដែរ​ រី​ឯ​អាយតនៈ​ក្រៅ គេ​ស្គាល់​ថា​ជា​អារម្មណ៍​របស់​វិញ្ញាណ ។ ដូច្នេះ​អាយតនៈ​មាន បសាទ-អារ​ម្មណ៍៦​គូរ​គឺ អាយតនៈ​ក្នុង​៦និង​អាយត​នៈក្រៅ​៦៖​
អាយតនៈក្នុង
១- ចក្ខុ ជាគូរនឹង វណ្ណរូប (រូបឃើញដោយភ្នែក)
២- សោតៈ ជាគូរនឹង សទ្ទៈឬសម្លេង
៣- ឃានៈ ជាគូរនឹង គន្ធៈឬខ្លឹន
៤- ជីវ្ហា ជាគូរនឹង រសៈ
៥- កាយ ជាគូរនឹង ផោដ្ឋព្វៈ
៦- មនោ ជាគូរនឹង ធម្ម (អារម្មណ៍ដែលកើតឡើងក្នុងចិត្ត)។
អាយតនៈក្រៅ
១- វណ្ណរូប ជាគូរនឹង ចក្ខុ
២- សទ្ទៈ ជាគូរនឹង សោតៈ
៣- គន្ធៈ ជាគូរនឹង ឃានៈ
៤- រសៈ ជាគូរនឹង ជីវ្ហា
៥- ផោដ្ឋព្វៈ ជាគូរនឹង កាយ
៦- ធម្មៈ ជាគូរនឹង មនោ ។
ក្នុង​ព្រះ​ពុទ្ធ​សាសនា បសាទ​មាន​ទាំង​អស់​៦ ខុស​គ្នា​ពី​ក្នុង​បច្ចឹ​ម​ប្រ​ទេស ដែល​បសាទ​មាន​តែ​៥ ។ ក្នុង​ព្រះ​ពុទ្ធ​សាសនា មនោ (ទ្វារ​ចិត្ត) រាប់​ថា​ជា​អាយតនៈ​ក្នុង​មួយ​ដែរ ដែល​ប្រតិកម្ម​ជា​មួយ​នឹង អាយតនៈ​ក្រៅ ដូច​ជា​ផស្សៈ វេទនា សញ្ញា សង្ខារ​ជា​ដើម ។ ពាក្យ​សឡាយតនៈ Saḷāyatana ប្រើ​ជាទូ​ទៅ​នៅ​ក្នុង បដិច្ច​សមុប្បាទ​១២ សម្រាប់​សំគាល់​អាយតនៈ​៦​គូ​ ខាង​លើ​នេះ (នាម​រូប​ប្បច្ចយាសឡាយ​តនំ) ។
ក្នុង​គម្ពីរ​បាលី​ក្នុង​អរិយ​សច្ច​៤ ព្រះ​ពុទ្ធ​បាន​ត្រាស់​បញ្ជាក់​ថា ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ គឺ​តណ្ហា ។ ក្នុង​ខ្សែ​ច្រវាក់​បដិច្ច​សមុប្បាទ​១២​នេះ ព្រះ​ពុទ្ធ​បញ្ជាក់​ថា តណ្ហា​កើត​ឡើង​ដោយ​សារ​វេទនា ដែល​កើត​ឡើង​អំពី​ផស្សៈ នៅ​ត្រង់​អាយ​តនៈ​៦ ។ ដូច្នេះ​ដើម្បី​រំលត់​តណ្ហា និង​វិបាក​របស់​វា​គឺ​សេចក្តី​ទុក្ខ គេ​ត្រូវ​តែ​សង្រូម និង​ធ្វើ​ការ​យល់​ដឹង​ក្នុង​អាយតនៈ​ ​។
សេចក្តី​បរិយាយ​អំពី​អាយតនៈ​នៅ​គ្រប់​ កន្លែង​ក្នុង​គម្ពី​រ​បាលី អាយត​នៈបាន​ត្រូវ​លើក យក​មក​បរិយាយ ក្នុង​សេចក្តី​ពន្យល់​ធម៌​រាប់​រយ ។ ក្នុង​ធម្ម​បរិយាយ​ផ្សេង​ៗ​ទាំង​នេះ អាយតនៈ​បាន​លើក​យក​មក ពោល​តាម​របៀប​ផ្សេង​គ្នា ដូច​ខាង​ក្រោម​នេះ៖
ឆក្កៈ ក្រុម​ដែល​មាន​៦​ សឡាយ​តនៈ​រាប់​បញ្ចូលបសាទ​៦ ឬ​អាយតនៈ​ក្នុង​៦ និង​អារម្មណ៍៦​ ឬ​អាយ​ត​នៈក្រៅ​៦ ។ ដោយ​អា​ស្រ័យ​លើ​សឡាយតនៈ​នេះ ចេត​សិក​មួយ​ចំនួន​ក៏​កើត​ឡើង ។ ដូច្នេះ​ប្រសិន​ណា មាន​ត្រចៀក ហើយ​និង​សម្លង សោត​វិញ្ញាណ​ក៏​កើត​ឡើង ។ វត្ត​មាន​នៃ​ធាតុ ទាំង​៣ (ត្រ​ចៀក ស​ម្លេង សោត​វិញ្ញាណ) ជា​បច្ច័យ​ឲ្យ​ផស្សៈ (ការ​ពាល់​ត្រូវ) កើត​ឡើង​ដែល​នាំ​ឲ្យ​កើត​វេទនា ជា​សុខ ជា​ទុក្ខ ជា​សោមនស្ស ឬ​ទោ​មនស្ស ។ គឺ​មក​តែ​អំពី​វេទនា​នេះ​ហើយ​ ដែល​ជា​ហេតុ​ឲ្យ​តណ្ហា​កើត​ឡើង ។ ការ​រាប់​រៀប​បែប​នេះ​អាច​រក​ឃើញ ​នៅ​ក្នុង​ឆឆក្ក​សូត្រ Chachakka Sutta ដែល​ឆក្កៈ​ឬ​ក្រុម​៦ មាន​បសាទ​៦ អារម្មណ៍​៦ វិញ្ញាណ​៦ ផស្សៈ​៦ វេទនា​៦ និង​តណ្ហា​៦ ត្រូវ​បាន​យក​មក​ពិនិត្យ ហើយ​ឃើញ​ថា​ជា​របស់​អនត្តា Anatta
សព្វៈ អ្វី​ៗ​ទាំង​អស់​ក្នុង​ធម្ម​បរិយាយ​មួយ​ហៅ​ថា​សព្វៈ (សំយុត្តនិកាយ​៣៥.២៣) ព្រះ​ពុទ្ធ​បាន​ប្រ​កាស​ថា គ្មាន​អ្វី​ៗ​ទាំង​អស់​នៅ​ក្រៅ អំពី​សឡាយ​តនៈ​នេះ​ទេ ។ ក្នុង​ធម្មបរិយាយ​បន្ទាប់ (សំយុត្តនិកាយ​៣៥.២៤) ព្រះ​ពុទ្ធ​បាន​ត្រាស់​ពន្យល់ យ៉ាង​ល្អិត​ល្អន់​ថា សព្វៈ​នេះ​រាប់​បញ្ចូល​ឆក្កៈ​៥ ដែល​រាប់​រួច​មក​ហើយ គឺ​អាយតនៈ​ក្នុង អាយ​តនៈ​ក្រៅ វិញ្ញាណ ផស្សៈ និង​វេទនា ។​ ឯក​សារ​យោង​ក្នុង​រឿង​សព្វៈ​នេះ អាច​រក​ឃើញ ក្នុង​សេចក្តី​អធិប្បាយ​បន្ត ។ លើស​ពី​នេះ​ទៀត គម្ពី​រព្រះ​អភិធម្ម និង​អក្សរ​សាស្រ្ត​ក្រោយ​គម្ពី​របាលី បាន​លើក​យក​អាយតនៈ មក​សម្រាប់​ចាត់​ថ្នាក់ កត្តា​នៃ​ភព​ទាំង​អស់​។
និទានៈ ហេតុ​១២​យ៉ាង​អាយតនៈ​គឺ​ជា​របស់​សំខាន់​បំផុត ក្នុង​រង្វង់​នៃ​ការ​កើត-ស្លាប់ ដែល​គេ​ស្គាល់​ថា​ជា​ហេតុ​១២​យ៉ាង ហើយ​បង្ហាញ​ជា​រូបភាព​ក្នុង​សង្សារ​ចក្រ ។ សូម​មើល​រូប​លេខ​២​ខាង​ស្តាំ ​។​

បច្ច័យ១២
អវិជ្ជា
សង្ខារ
វិញ្ញាណ
នាមរូប
អាយតនៈ៦

ផស្សៈ

វេទនា

ទុក្ខៈ តណ្ហា និរោធ មគ្គ
អរិយសច្ចៈ៤
ឧបាទាន
ភព
ជាតិ
ជរាមរណៈ
រូប​លេខ​២: ការ​ជួប​គ្នា​​នៃ​បច្ច័យ​១២ ហើយ​និង អរិយ​សច្ច​៤:អាយ​តនៈ​ជា​ហេតុ​នៃ​ទុក្ខ​.
ភ្លើង​រាគៈ ទោសៈ មោហៈ​ក្នុង​អសិវិស​សូត្រ Asivisa Sutta (សំយុត្ត​និកាយ៣៥.១៩៧) ព្រះ​ពុទ្ធ​ប្រដូច​អាយតនៈ​ក្នុង​ទៅ​នឹង​ភូមិ​ទទេ ហើយ​អាយតនៈ​ក្រៅ ដូច​ជា​ពួក​ចោរ​ប្លន់​អ្នក​ស្រុក ។ ដោយ​ការ​ប្រៀប​ធៀប​នេះ ព្រះ​ពុទ្ធ​បង្ហាញ លក្ខណៈ​របស់ អាយតនៈ​ក្នុង​ទទេ​នេះ ថា​ត្រូវ​បៀត​បៀន​ដោយ​អាយតនៈ​ក្រៅ ដែល​ជា​អារម្មណ៍​គួរ​ត្រេក​អរ និង​មិន​ត្រេក​អរ ។ នៅ​កន្លែង​ផ្សេង​ទៀត (សំយុត្តនិកាយ ៣៥.១៩១) ព្រះ​សារីបុត្ត​បាន​បំភ្លឺ​ថា សេចក្តី​ទុក្ខ​ពិត​ប្រាកដ​ដែល​ទាក់​ទង​ជា​មួយ នឹង​អាយតនៈ​ក្នុង និង​អាយ​តនៈ​ក្រៅ មិន​មែន​ជា​ចំណែក​របស់​អាយតនៈ​ទេ ប៉ុន្តែ​ម​ក​ពី​សំ​យោជនៈ (តណ្ហា​និង​រាគៈ) ដែល​កើត​ឡើង កាល​ណា​មាន ផស្សៈ​រវាង​អាយ​តនៈ​ក្នុង និង​អាយតនៈ​ក្រៅ ។
នៅ​ក្នុង​អាទិត្ត​បរិយាយ​សូត្រ Ādittapariyāya Sutta (សំយុត្តនិកាយ​៣៥.២៨) ក្រោយ​ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង ជា​ច្រើន​ខែ​មក ព្រះអ​ង្គ​បាន​បរិយាយ អំពី​អាយតនៈ​ទាំង​អស់​និង​ដំណើរ​ការ​នៃចិត្ត យ៉ាង​ដូច្នេះ​ថា៖
ម្នាល​ភិក្ខុ, សព្វៈ​កំពុង​តែ​ឆេះ ។ តើ​សព្វៈ​កំពុង​ឆេះ​ដូច​ម្តេច? ចក្ខុ​កំពុង​ឆេះ រូប​កំពុង​ឆេះ​ វិញ្ញាណ​ក្នុង​ចក្ខុ​កំពុង​ឆេះ ផស្សៈ​​ក្នុង​ចក្ខុ​កំពុង​ឆេះ ។ ហើយ​អ្វី​ៗ​ក៏​ដោយ​ដែល​មាន ដែល​អាស្រ័​យ​នឹង​ផស្សៈ​ក្នុង​ចក្ខុ ដែល​សោយ​អារម្មណ៍ ជា​សុខ ជា​ទុក្ខ ឬ​ឥត​សុខ​ឥតទុ​ក្ខ អ្វីៗ​នោះ​ក៏​កំពុង​ឆេះ​ដែរ ។ ឆេះ​ដោយ​សារ​អ្វី? ឆេះ​ដោយ​ភ្លើង​រាគៈ ភ្លើង​ទោសៈ និង​ភ្លើង​មោហៈ ​។ ឆេះ, តថាគត​ប្រាប់​អ្នក, ដោយ​សារ​ជាតិ ជរា មរណៈ ឆេះ​ដោយ​សារ​សេចក្តី​ស្តាយ​ស្រណោះ សេចក្តី​សោក​ខ្សឹក​ខ្សួល សេចក្តី​ឈឺ​ចាប់ សេច​ក្តីតាន​តឹង​ចិត្ត និង​សេចក្តី​អស់​សង្ឃឹម ។
ការ​រំលត់​ភ្លើង​ទុក្ខ​ព្រះ​ពុទ្ធ​បាន​ បង្រៀន​ថា ដើម្បី​រត់​ចេញ​ពី​គ្រោះថ្នាក់​នៃ​អាយ​តនៈ គេ​ត្រូវ​តែ​អាច​យល់​អំពី អាយតនៈ​ដោយ​មិន​មាន​កិលេស ។នៅក្នុង​ការ​បោះ​បង់​សំយោជ​នៈ”​ (សំ​យុត្តនិ​កាយ​៣៥.៥៤) ព្រះ​ពុទ្ធ​បាន​ប្រកាស​ថា គេ​បោះ​បង់​សំយោជនៈ​ចោល កាល​ណាគេ​ដឹង ហើយ​ឃើញ​.​.​.​ថា​មិន​ទៀង (បាលី​ថា​អនិច្ចា) អាយ​តនៈ​ក្នុង អារ​ម្មណ៍ វិញ្ញា​ណ ផ​ស្សៈ និ​ងវេទនា​ទាំង​៦ ។ ក៏​ដូច​គ្នា​ដែរ​នៅ​ក្នុងការ​ផ្តាច់​ឫស​សំយោជនៈ” (សំយុត្ត​និកាយ​​៣៥.៥៥) ព្រះ​ពុទ្ធ​បាន​ប្រកាស​ថា គេ​ផ្តាច់​ឫស​សំយោជនៈ កាល​ណា​គេ​ដឹង ហើយ​ឃើញ.​.​.​ថា​មិន​មែន​ខ្លួន (បាលី​ថា​អនត្តា) ឆក្កៈ​៥​ដែល​ពោល​រួច​មក​ហើយ ។ ដើម្បី​ធ្វើ​ឲ្យ​ការ​ដឹង​និង​ឃើញ​បែប​នេះ កាន់​តែ​ចម្រើន​ឡើង ហើយ​និង​ផល​នៃ​ការ​រំដោះ​ចេញ​ពី​ទុក្ខ នៅ​ក្នុង​សតិប្បដ្ឋាន​សូត្រ (មជ្ឈឹម​និកាយ​១០) ព្រះ​ពុទ្ធ​បង្រៀន​ពួក​ភិក្ខុ ឲ្យ​ធ្វើ​សមាធិ​លើ​អាយត​នៈ ហើយ​និង​សំយោជ​នៈ ដែល​បច្ច័យ​ឲ្យ​កើត​ឡើង ដូច​តទៅ​នេះ៖ ម្នាល​ភិក្ខុ! តើ​ភិក្ខុ​អង្គ​មួយ​រស់​នៅ ដោយ​ពិចារណា​អារម្មណ៍ ក្នុង​អារម្មណ៍​ទាំង​ឡាយ នៃអា​យតនៈ​ក្នុង និ​ង​អាយតនៈ​ក្រៅ យ៉ាង​ដូច​ម្តេច​? នេះ​ម្នាល​ភិក្ខុ! ភិក្ខុ​អង្គ​មួយ​យល់​ច្បាស់ អំពី​ចក្ខុ​និង​វណ្ណ​រូប ហើយ​និង​សំ​យោជនៈ ដែល​ចក្ខុ​និង​វណ្ណ​រូប​ទាំង​២ បច្ច័យ​ឲ្យ​កើត​ឡើង ។ ភិក្ខុ​អង្គ​នោះ​យល់​ច្បាស់​ថា តើ​សំ​យោជនៈ ដែល​មិន​កើត​ឡើង វា​កើត​ឡើង​យ៉ាង​ដូច​ម្តេច? ភិក្ខុ​អង្គ​នោះ​យល់​ច្បាស់​ថា តើ​សំ​យោជនៈ​ដែល​កើត​ឡើង ត្រូវ​លះ​បង់​យ៉ាង​ដូច​ម្តេច? ហើយ​ភិក្ខុ​អង្គ​នោះ​យល់​ច្បាស់​ថា សំ​យោជនៈ​ដែល​លះ​បង់​បាន​ហើយ វា​មិន​កើត​ឡើង​វិញ​ក្នុង​អនាគត យ៉ាង​ដូច​ម្តេច​? ភិក្ខុ​អង្គ​នោះ​យល់​ច្បាស់អំពី​ត្រចៀក​និង​សម្លេង​.​​.​.​ឃាន​បសាទ​និង​ ក្លិន​.​.​.​ជីវ្ហា​បសាទ​និង​រស​.​..​កាយ​បសាទ​និង​កាយ​ស​ម្ផស្ស​.​.​.​ វិញ្ញាណ​និង​អារម្មណ៍​.​.​.។ ភិក្ខុ​អង្គ​នោះ​រស់​នៅ ដោយ​ពិនិត្យ​មើល​អារម្មណ៍ ក្នុង​អារម្មណ៍​ទាំង​ឡាយ​.​.​.​ហើយ​ជាប់​ជំពាក់​ទៅ ​នឹង​ភាព​សូន្យ​ទទេ​ក្នុង​លោក យ៉ាង​នេះ​ឯង ​។
ការ​យល់​ដឹង​អំពី​អាយតនៈ​ក្នុង​កាល​ណា​ព្រះ ​ពុទ្ធ​មាន​ព្រះ​បន្ទូល ពី​ការ​យល់​ដឹង​ អំពី​ភ្នែក ត្រចៀក ច្រមុះ អណ្តាត និង​កាយ តើ​មាន​ន័យ​យ៉ាង​ដូច​ម្តេច? តាម​គម្ពីរ​វិមុត្តិ​មគ្គ Vimuttimagga គម្ពីរ​សមាធិ​ពី​សតវត្ស៍​ទី​១ ជា​ភាសា​សិង្ហលៈ (របស់​ជន​ជាតិ​ស្រី​លង្កា) អាយតនៈ​ក្នុង​អាច​យល់​ដឹង​បាន តាម​អារម្មណ៍​ដែល​បាន​ទទួល វិញ្ញាណ​ដែល​ដាស់​ឡើង រូប​ធាតុ​នៃ​វិញ្ញាណ​ដែល​ជា​មូល​ដ្ឋាន ហើយ​និង​មហា​ភូត​រូប ដែល​ជាប់​ទាក់​ទង​គ្នា ដែល​កើត​ឡើង​បន្ថែម ។ លក្ខណៈ​ទាំង​នេះ បង្ហាញ​ដោយ​សង្ខេប ក្នុ​ង​តារាង​ខាង​ក្រោម​នេះ៖​
អាយតនៈក្នុង អាយតនៈក្រៅ វិញ្ញាណ ក្នុង រូបធាតុ វិញ្ញាណ ធាតុ
បន្ថែម
ចក្ខុ ចក្ខា​រម្មណ៍ ចក្ខុ​វិញ្ញាណ “.​.​.​ដុំ​សាច់​មូល​៣​នៅ​ជុំ​វិញ​ប្រ​ស្រី, ហើយ​និង​សាច់​ខ្មៅ-​ស​នៃ​គ្រាប់​ភ្នែក ដែល​ជា​សាច់​៥​ស្រ​ទាប់, ឈាម, ខ្យល់, ស្លេស​និង​សេរ៉ូម, ទំហ៊ុំ​ពាក់​កណ្តាល​គ្រាប់​ស្ពៃ, រាង​ដូច​ក្បាល​ចៃ….” តេជោធាតុ សោ​តៈ សទ្ទៈ សោត​វិញ្ញាណ “…ក្នុង​រន្ធត្រចៀក​ទាំង​២, មាន​រោម​ខ្មៅ, អាស្រ័យ​ដោយ​ក្រ​ដាស, មាន​រាង​ដូច​ទង​សណ្តែក​ខៀវ​.​.​.​.​”​ អា​កាស​ធាតុ ឃានៈ​ គន្ធៈ ឃាន​វិញ្ញាណ “​.​.​.​ផ្នែក​ខាង​ក្នុង​ច្រមុះ​, ដែល​ផ្នែក​៣​ជួប​គ្នា, អា​ស្រ័យ​ដោយ​រន្ធ​តូច​មួយ, ដូច​ជា​កោ​វិឡា​រៈ Koviḷāra រាង​ផ្កា​.​.​.​.​”​ វា​យោ​ធាតុ ជីវ្ហា រសៈ ជីវ្ហា​វិញ្ញា​ណ “…ទំហ៊ុំ​២​ធ្នាប់, មាន​រាង​ដូច​សន្លឹក​ផ្កា​ឈូក, ស្ថិត​នៅ​ក្នុង​សាច់​របស់​អណ្តាត​.​.​.​.​អា​បោ​ធាតុ​ កាយ ផោដ្ឋ​ព្វៈ កាយ​វិញ្ញាណ ​”​.​.​.​លើ​កាយ​ទាំង​មូល,​ លើក​លែង​តែ​រោម​និង​សក់​, ក្រចក ធ្មេញ និង​ផ្នែក​ឥត​វិញ្ញាណ​.​.​.​.​ប​ឋ​វី​ធាតុ​ តារាង​ទី​១.លក្ខណៈ​អាយ​តនៈ​ក្នុង​របស់​គម្ពី​រ​វិមុត្តិ​មគ្គ
គម្ពីរ​សង្គហ​ព្រះ​វិសុទ្ធិ​មគ្គ ពី​គ្រឹ​ស្តសតវត្ស៍​ទី​៥ បាន​ផ្តល់​ពត៌​មាន​ប្រហែល​គ្នា ដូច​ជា​ទំ​ហ៊ុំ​ក្បាល​ចៃ សម្រាប់​បញ្ជាក់​កន្លែង​ចក្ខុ​បសាទ (ស្គាល់​ម្យ៉ាង​ទៀត​ថា​គ្រឿ​ង​ដឹង ភ្នាក់​ងារ​នៃ​វិញ្ញាណ ផ្ទៃ​វិញ្ញាណ) ហើយ​និង​កន្លែង រាង​ដូច​ក្រច​កជើង​ព​​​​ពែ សម្រាប់​ឃាន​បសាទ (វិ​សុទ្ធិ​មគ្គ​១៤,៤៧​-​៥៣) ។ ជា​ការ​បន្ថែម ព្រះ​វិសុទ្ធិ​មគ្គ​រាប់​រៀប​អាយតនៈ​ក្នុង តាម​ន័យ​៤​យ៉ាង​ខាង​ក្រោម​នេះ៖​
លក្ខណៈឬសញ្ញា
កិច្ចឬរសៈ
បច្ចុប្បដ្ឋាន Paccupaṭṭhāna ការ​បង្ហា​ញ​ឲ្យ​ឃើញ
បទដ្ឋាន Padaṭṭhāna ហេតុជិត ដើម​ហេតុ​ផ្ទាល់
ដូច្នេះឧទាហរណ៍ដូចជា គម្ពីរនេះរាប់រៀបអំពីចក្ខុដូចតទៅ៖ ក្នុង​នេះ ចក្ខុ​មាន​លក្ខណៈ​គឺ​​ទទួល​ដឹង នូវ​មហាភូត​រូប (ធាតុ៤) ដែល​វណ្ណ​រូប​បាន​មក​ប៉ះ ឬ​ល​ក្ខណៈ​របស់​ចក្ខុ គឺ​ការ​ដឹង​នូវ​ភូត​រូប ដែល​កើត​ឡើង​ដោយ​សារ​កម្ម មាន​ការ​ចង់​ឃើញ​ជា​ប្រភព ។ កិច្ច​របស់​វា​គឺ ចាប់​យក​អារម្មណ៍ ក្នុង​ចំណោម​វណ្ណ​រូប ហើយ​បង្ហាញ​ឲ្យ​ឃើញ ជា​ជំហរ​ចក្ខុ​វិញ្ញាណ ។ ហេតុ​ជិត​របស់​វា​គឺ ភូត​រូប​ដែល​កើត​ឡើង​អំពី​កម្ម មាន​ការ​ចង់​ឃើញ​ជា​ប្រភព ។ ចំពោះ​អាយ​តនៈ​ក្នុង​ទី៦ មនោ ដីកា​បាលី​មួយ (របស់​ព្រះ​ថេរៈ​ធម្ម​បាល) បាន​បង្ហាញ​ភាព​ខុស​គ្នា រវាង​វិញ្ញាណ​ដែល​កើត​អំពី​អាយតនៈ​៥ (ផ្នែក​កាយ) ហើយ​និង​វិញ្ញាណ ដែល​កើត​អំពី​ភវង្គចិត្ត Bhavaṅga-mana អំពី​ចិត្ត​ឬ​មនោ​ខន្ធ ដែល​រាប់​បញ្ចូល ក្នុង​ផ្លូវ​នៃ​ការ​ដឹង​នៃ​ចក្ខុ​វិញ្ញាណ អាយតនៈ​ចក្ខុ ប៉ុ​ណ្ណោះ (មិន​មែន​អាយតនៈ​មនោ​ទេ) ជា​ទ្វារ​ដើម ហើយ​អាយតនៈ​ក្រៅ វណ្ណ​រូប ជា​អារម្មណ៍​របស់​ចក្ខុ ។ ចំពោះ​អាយ​តនៈ​ផ្សេង​ៗ​ទៀត (សោតៈ ឃានៈ ជីវ្ហា កាយ) ក៏​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ចំ​ពោះ​អាយ​តនៈ​ទី​៦ ចំ​ណែក​នៃ​ចិត្ត ដែល​ហៅ​ថា​អសម្បជញ្ញៈ​ចិត្ត ឬ​ភវង្គ ជា​ទ្វា​រ​ដើម.​.​.​។
ឫស​គល់​នៃ​បញ្ញា​ក្នុង​អត្ថ​កថា​នៃ​ព្រះ​ វិសុទ្ធិ​មគ្គ ពី​គ្រឹស្ត​សតវត្ស៍​ទី​៥ ព្រះ​ពុទ្ធ​ឃោសៈ​បាន​បញ្ជាក់​ថា ការ​ដឹង​អំពី​អាយ​តនៈ គឺ​ជា​ផ្នែក​ដី​ស្រែ នៃ​បញ្ញា​នៃ​ការ​រួច​រំដោះ ​។ ចំណែក​ផ្សេង​ទៀត​នៃ​ដី​ស្រែ​នេះ គឺ​ខន្ធ ឥន្រ្ទិយ អរិយសច្ច​៤ និង​បដិច្ច​សមុប្បាទ​១​២ ។​


នីវរណធម៌៥
នៅក្នុងព្រះពុទ្ធសាសនា នីវរណធម៌៥ (Pali: Nivaraṇa EN: Five hindrances) គឺជាអកុសលចេតសិក ដែលរារាំងមិនឲ្យ សមាធិឈាន កើតឡើងបាន ហើយដែលនាំ ឲ្យឆ្ងាយពីព្រះនិព្វាន ។ នីវរណធម៌៥នោះគឺ៖
១- កាមឆន្ទៈ Kāmacchanda សេចក្តីផ្គងចិត្តទុក ចុះក្នុងកិលេសកាម និងវត្ថុកាម
២- ព្យាបាទៈ Byāpāda, Vyāpāda ការចងគំនុំអាឃាត ចំពោះអារម្មណ៍ មិនជាទីប្រាថ្នា
៣- ថីនមទ្ធៈ Thīna-middha សេចក្តីធុញទ្រាន់ងុយងោក ច្រអូសកាយច្រអូសចិត្ត
៤- ឧទ្ធច្ចកុក្កុច្ចៈ Uddhacca-kukkucca សេចក្តីរាយមាយរំខានចិត្ត អណ្តែតអណ្តូង ក្តៅក្រហាយចិត្ត
៥- វិចិកិច្ឆា Vicikicchā សេចក្តីសង្ស័យ មិនអស់មិនហើយក្នុងចិត្ត ។
ក្នុងបិដកបាលីក្នុងបិដកបាលី សំយុត្តនិកាយ ធម្មទេសនាជាច្រើន បានដាក់នីវរណធម៌ផ្ទឹមគ្នា ជាមួយនឹងពោជ្ឈង្គ៧ (កត្តានៃការត្រាស់ដឹង៧) ដូចជាតាមសំយុត្តនិកាយ៤៦.៣៧ ព្រះពុទ្ធបានត្រាស់បន្ទូលថាៈ ម្នាលភិក្ខុទាំងឡាយ! មានឧបសគ្គ៥នេះ ជាគ្រឿងរារាំង ជាគ្រឿងពុករលួយនៃចិត្ត ជាគ្រឿងឲ្យបញ្ញាអាប់ឱន ។ តើ៥អ្វីខ្លះ? គឺកាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។
ម្នាលភិក្ខុទាំងឡាយ! មានកត្តានៃការត្រាស់ដឹង៧ ដែលមិនជាឧបសគ្គ ដែលមិនជាគ្រឿងរារាំង ដែលមិនជាគ្រឿង ពុករលួយនៃចិត្ត កាលណាគេយកមកចម្រើន នឹងបណ្តុះបណ្តាល វានឹងនាំទៅដល់ផល គឺផ្លែផ្កានៃសេចក្តីយល់ដឹងពិត នឹងការរំដោះខ្លួន ។ តើ៧អ្វីខ្លះ? គឺកត្តានៃការត្រាស់ដឹង៧ សតិ ធម្មវិចិយៈ វិរិយៈ បីតិ បស្សទ្ធិ សមាធិ ឧបេក្ខា ។
ក្នុងន័យនៃការបំពេញបញ្ញា និងការយកជ័យជំនះ លើនីវរណធម៌ តាមសតិបដ្ឋានសូត្រ ព្រះពុទ្ធបានបញ្ជាក់ថា ម្នាលភិក្ខុ! តើភិក្ខុរស់នៅពិចារណា នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ យ៉ាងដូចម្តេច? ម្នាលភិក្ខុ! កាលណាមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមានកាមឆន្ទៈ កាលមិនមានកាមឆន្ទៈ ភិក្ខុនោះដឹងថា អាត្មាអញមិនមានកាមឆន្ទៈ ។ ភិក្ខុនោះដឹងថា កាមច្ឆន្ទៈដែលមិនទាន់កើត កើតឡើងយ៉ាងដូចម្តេច ភិក្ខុនោះដឹងថាការលះបង់កាមឆន្ទៈ ដែលខ្លួនមានហើយ យ៉ាងដូចម្តេច ហើយភិក្ខុនោះដឹងទៀតថា កាមឆន្ទៈ ដែលមិនទាន់មាន នឹងត្រូវលះបង់ក្នុងអនាគត យ៉ាងដូចម្តេច ។
ធម៌និមួយៗនៃនីវរណធម៌៤ទៀត ក៏មានសេចក្តីបរិយាយ ដូចគ្នានឹងកាមឆន្ទៈដែរ ។
ព្រះពុទ្ធបានបង្ហាញភាពស្រដៀងគ្នា ក្នុងសម្មញ្ញផលសូត្រ (ទិឃនិកាយ២) ដូចតទៅនេះ៖
កាលណានីវរណធម៌ក្នុងខ្លួន មិនបានលះបង់ ភិក្ខុឃើញវាជាបំណុល ជាជម្ងឺ ជាការឃុំឃាំង ជាទាសករ ផ្លូវឆ្លងកាត់ដែនដ៏ក្រៀមក្រោះ ។ ប៉ុន្តែកាលណា នីវរណធម៌ក្នុងខ្លួន បានលះបង់បានហ់យ ភិក្ខុឃើញថាជា ការរួចខ្លួនពីបំណុល ជាសុខភាពល្អ ជាការរួចអំពីការឃុំឃាំង ជាសេរីភាព កន្លែងនិរភ័យ ។ ដូចគ្នាម្យ៉ាងទៀត ក្នុងសង្គារវសូត្រ (សំយុត្តនិកាយ៤៦.៥៥) ព្រះពុទ្ធប្រៀបកាមឆន្ទៈ ទៅនឹងការឆ្លុះមុខ ក្នុងទឹកដែលលាយដោយលក្ខណ៍ ល្មៀតនិងពណ៌ ព្យាបាទៈទៅនឹងទឹកពុះ ថីនមិទ្ធៈទៅនឹងទឹក ដែលមានវារីជាតិដុះត្រាពីលើ ឧទ្ធច្ចកុក្កុច្ចៈទៅនឹងទឺក ដែលរញ្ជួយញ័រដោយសារខ្យល់ វិចិកិច្ឆាទៅនឹងទឹកល្អក់ កំពុងក្រឡក កករដោយភក់ នៅក្នុងទីងងឹត ។
តាមអត្ថកថាព្រះវិសុទ្ធិមគ្គ ក្នុងគ្រឹស្តសតវត្ស៍ទី១ នីវរណធម៌៥រាប់បញ្ចូល គ្រប់សំយោជនៈទាំង១០ ការជាប់ជំពាក់ណាមួយ ជាមួយនឹងលោភៈ រាប់ចូលក្នុងកាមឆន្ទៈ អកុសលចេតសិកទាំងអស់ នៃទោសៈ រាប់ចូលក្នុងព្យាបាទៈ ហើយអកុសលចេតសិក ទាំងអស់នៃរាគៈ រាប់ចូលក្នុង ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ និងវិចិកិច្ឆា ។ ព្រះវិសុទ្ធិមគ្គថែម ទាំងបង្ហាញភាពខុសគ្នាថា ថីនៈជារបស់ចេតសិក ចំណែកឯមិទ្ធៈវិញ ជាវិបាក (ផល) នៃកាយសង្ខារ មកពីអាហារឬពេលវេលា ឬចេតសិក ។ បើមិទ្ធៈជាវិបាករបស់អាហារ ឬកាល គេកំចាត់វាដោយវិរិយៈ ក្រៅពីនេះ គេកំចាត់វាដោយសមាធិ ។ ម្យ៉ាងទៀត ព្រះវិសុទ្ធិមគ្គ កត់សំគាល់វិចិកិច្ឆា៥យ៉ាងគឺៈ
១- សេចក្តីសង្ស័យចំពោះអត្តា គឺនីវរណៈ (រារាំង) ចំពោះសមថៈ សេចក្តីស្ងប់
២- សេចក្តីសង្ស័យចំពោះ អរិយសច្ចៈនិងត្រៃលោក ជានីវរណៈចំពោះបញ្ញា
៣- សេចក្តីសង្ស័យចំពោះ ត្រៃរតនៈ ជានីវរណៈចំពោះ សេចក្តីស្ងប់និងបញ្ញា
៤- សេចក្តីសង្ស័យចំពោះ កន្លែងនិងមនុស្ស ជានីវរណៈចំពោះ របស់គ្មានទ្រឹស្តី
៥- សេចក្តីសង្ស័យចំពោះ ព្រះត្រៃបិដក ជានីវរណៈចំពោះ ការចេញសាងភ្នួស
តាមអត្ថកថាសារដ្ឋប្បកាសិនី Sāratthappakāsinī របស់ព្រះពុទ្ធឃោសៈ ចំពោះសំយុត្តនិកាយ គ្រឹស្តសតវត្ស៍ទី៥ បុគ្គលម្នាក់អាចរំដោះ រួចអំពីនីវរណធម៌ ដោយសារការធ្វើឈាន ឬវិបស្សនា ហើយដូចមានសេចក្តីអធិប្បាយ ក្នុងគម្ពីរវិសុទ្ធិមគ្គដែរនោះ បុគ្គលនោះអាច ផ្តាច់ឫសគល់នៃនីវរណធម៌ ដោយការសម្រេច លោកុត្តរឈានណាមួយ ដូចមានបង្ហាញ ក្នុងតារាងលេខ១ខាងឆ្វេងនេះ ។

0 comments:

Post a Comment